អង្គការ វ័តធឺអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានប្រកាសជ័យលាភីដល់គ្រួសារគំរូ លើផ្នែកអនាម័យ និង ទឹកស្អាត ដែលជាការលើកទឹកចិត្តមួយ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដែលបានភ្ញាក់រលឹកពីភាពពុំមានបង្គន់ប្រើប្រាស់ នៅគ្រប់ផ្ទះឲ្យងាកមកប្រើបង្គន់អនាម័យ និង ផឹកទឹកស្អាត ដើម្បីសុវត្ថិភាពនិងបង្ការការឆ្លងជំងឺនានា។
ការលើកទឹកចិត្តរបស់ប្រជាពលរដ្ឋពីអាជ្ញាធរ ភូមិ ឃុំ ទៅលើប្រជាជនដែលបានទទួលជ័យលាភី ក្នុងការងាកមកប្រើប្រាស់ទឹកស្អាត និង អនាម័យ ដែលមានចំនួន 125 គ្រួសារ ដែលបានមកទទួលប័ណ្ណសរសើរ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារនីមួយៗបានយល់ដឹងនិងភ្ញាក់រលឹកនៅតាម ភូមិ ឃុំរៀងៗខ្លួន ក្នុងការផឹកទឹកស្អាតនិងប្រើប្រាស់បង្គន់។
ការរៀបរាប់របស់លោកស្រី ឡុងណាវី អភិបាលខេត្តរង ស្រុកខ្សាច់កណ្ដាល ក្នុងភាពជឿជាក់មួយដោយក្តីរីករាយ ពេលដែលប្រគល់ជ័យលាភី ធ្វើឱ្យលោកស្រីសប្បាយឥតឧបមា ដោយបានលើកទឹកចិត្តនិងបំផុសដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងខ្ពស់ពីអនាម័យទាំងការផឹកទឹកស្អាត បត់ជើង ក្នុងបង្គន់ជៀសវាងការបត់ជើង ក្រៅបង្គន់នាំឲ្យមានហានិភ័យ។
អ្នកស្រីឡុងណាវីសង្កត់ធ្ងន់ថា បើសិនជាយើងបានយល់ដឹងអំពីអនាម័យគ្រប់ៗគ្នា ភាពល្អប្រសើរផ្នែកសុខភាពក៏នឹងមានដែរ។ហើយនឹងបានកាត់បន្ថយរាល់ការចំណាយទៅលើថ្នាំពេទ្យទៀតផង។អ្នកស្រីបានបន្តបន្ថែមថានៅស្រុកខ្សាច់កណ្ដាលនេះ ទោះបីប្រជាជនយើងខ្លះពុំមានជីវភាពធូរធារក៏ដោយ តែការយល់ដឹងខ្ពស់ មានអនាម័យល្អសុខភាពក៏ល្អប្រសើរដែរ។ បើងាកទៅមើលដាំដំណាំនៅជុំវិញផ្ទះរបស់គាត់វិញគឺមានព៌ណខៀវស្រងាត់ ពោរពេញ ទៅដោយ ជីរ ស្លឹកគ្រៃ ស្ពៃ ខាត់ណា និង ដំណាំផ្សេងៗទៀត។ ដែលបានជួយទ្រទ្រង់ជីវភាពគ្រួសារគាត់បន្ថែម លើអាហារូបត្ថម្ភ សម្រាប់កូនៗ របស់គាត់ មានសុខភាពល្អទៀតផង។
ការរៀបរាប់បន្ថែមពីលោកស្រី ហ៊ាង ភិរុណ ប្រធានទឹកស្អាត និងអនាម័យ នៃ អង្គការ វ័តធឺអេតកម្ពុជា បានបញ្ជាក់អំពី អនាម័យនៅ ស្រុកខ្សាច់កណ្ដាល ដោយបានប្រកាស ODF 90%។ឯ 98% មានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនហើយ។ តែពេលនេះនៅសល់តែ ២ភាគរយ ទេ គឺការប្រឈមនឹងផ្ទះនៅលើទឹក។ នៅឆ្នាំ ២០២៤ នៅស្រុក ខ្សាច់កណ្ដាលនេះ គឺពុំទាន់មានប្រជាជនមួយណាមានជំងឺទាក់ទងទៅនឹងការ ការប្រើប្រាស់ទឹកមិនស្អាតគ្មានអនាម័យនោះឡើយ។
លោកហឿនទ្រីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលមានប្រសាសន៍លើកឡើងអំពីអនាម័យនិងទឹកស្អាតទៅលើប្រជាជនដោយឱ្យមានការផ្លាស់ប្ដូរឥរិយាបថ ងាកមកបរិភោគទឹកស្អាត ប្រើបង្គន់ លាងដៃជាមួយសាប៊ូ។ ហើយលោកបានបញ្ជាក់ដោយកោតសរសើរទៅដល់បងប្អូនប្រជាជនយើងថា បងប្អូនយើងត្រូវឲ្យមានការផុលផុស អំពី អនាម័យ រួមទាំងទឹកស្អាត គ្រប់ខ្នងផ្ទះ។ ដែលនៅក្នុងគ្រួសារគំរូនីមួយៗ ជាការជំរុញនឹងលើកទឹកចិត្តតាមរយៈប័ណ្ណសរសើរ ហើយសង្ឃឹមថា បងប្អូនយើងនិងបន្តនូវអនាម័យនេះជារៀងរាល់ថ្ងៃគឺផឹកស្អាតមានបង្គន់ស្អាត ទើបមានសុខភាពល្អ។រុងរឿង